ព្រះត្រៃបិដក ភាគ ៤១
ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជាអន្យតិរ្ថិយ តែងបញ្ញត្តនូវហេតុនេះឯង ក្នុងសេចក្ដីស្ងប់ស្ងាត់ ចាកកិលេស ដែលកើតឡើង ព្រោះអាស្រ័យសេនាសនៈ។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជាអន្យតិរ្ថិយ តែងបញ្ញត្តនូវសេចក្ដីស្ងប់ស្ងាត់ មាន៣ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចំណែកសេចក្ដីស្ងប់ស្ងាត់ របស់ភិក្ខុ ក្នុងធម្មវិន័យនេះ ក៏មាន៣ យ៉ាងនេះដែរ។ សេចក្ដីស្ងប់ស្ងាត់ ៣ យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ គឺភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល លះបង់ការទ្រុស្តសីល ស្ងប់ស្ងាត់ ចាកការទ្រុស្តសីល ១ ជាអ្នកឃើញត្រូវ លះបង់ការឃើញខុស ស្ងប់ស្ងាត់ចាកការឃើញខុសនោះ ១ ជាខីណាស្រព លះបង់អាសវៈ ស្ងប់ស្ងាត់ចាកអាសវៈនោះ ១។ ម្នាលភិក្ខុទាំងឡាយ កាលណាភិក្ខុជាអ្នកមានសីល លះបង់ការទ្រុស្តសីល ស្ងប់ស្ងាត់ចាកការទ្រុស្តសីលនោះ ជាអ្នកឃើញត្រូវ លះបង់ការឃើញខុស ស្ងប់ស្ងាត់ចាកការឃើញខុសនោះ ជាខីណាស្រព លះបង់អាសវៈ ស្ងប់ស្ងាត់ចាកអាសវៈហើយ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ភិក្ខុនេះ ជាអ្នកដល់នូវការប្រសើរបំផុត ដល់នូវខ្លឹមសារ បរិសុទ្ធ តាំងនៅស៊ប់ ក្នុងធម៌មានខ្លឹម។
ID: 636853218797140679
ទៅកាន់ទំព័រ៖