ព្រះត្រៃបិដក ភាគ ៤១
ម្នាលភិក្ខុទាំងឡាយ ដូចជាស្រែស្រូវសាលី ដ៏បរិបូណ៌ របស់កស្សកគហបតី។ កស្សកគហបតី ត្រូវព្រោះស្រូវនោះយ៉ាងប្រញាប់ លុះព្រោះរួចយ៉ាងប្រញាប់ហើយ ត្រូវច្រូតយ៉ាងប្រញាប់ លុះច្រូតយ៉ាងប្រញាប់ហើយ ត្រូវជញ្ជូនដាក់លាន យ៉ាងប្រញាប់ លុះជញ្ជូនដាក់លាន យ៉ាងប្រញាប់ហើយ ត្រូវគរជាគំនរយ៉ាងប្រញាប់ លុះគរជាគំនរយ៉ាងប្រញាប់ហើយ ត្រូវបែន ឬបញ្ជាន់យ៉ាងប្រញាប់ លុះបែន ឬបញ្ជាន់យ៉ាងប្រញាប់ហើយ ត្រូវជជុះចម្បើងយ៉ាងប្រញាប់ លុះជជុះចម្បើងយ៉ាងប្រញាប់ហើយ ត្រូវរាស់កំទេច ឬ កំញ៉ម យ៉ាងប្រញាប់ លុះរាស់កំទេច ឬ កំញ៉មយ៉ាងប្រញាប់ហើយ ត្រូវរោយយ៉ាងប្រញាប់ លុះរោយយ៉ាងប្រញាប់ហើយ ត្រូវជញ្ជូនដាក់ជង្រុក យ៉ាងប្រញាប់ លុះជញ្ជូនដាក់ជង្រុក យ៉ាងប្រញាប់ហើយ ត្រូវបុកយ៉ាងប្រញាប់ លុះបុកយ៉ាងប្រញាប់ហើយ ត្រូវអុំយកអង្កាមចេញយ៉ាងប្រញាប់ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ ស្រូវរបស់កស្សកគហបតីនោះ រមែងដល់នូវការប្រសើរបំផុត ដល់នូវខ្លឹមសារ ដ៏បរិសុទ្ធ តាំងនៅស៊ប់ ក្នុងខ្លឹមសារ យ៉ាងណាមិញ។
ID: 636853218963890217
ទៅកាន់ទំព័រ៖