ព្រះត្រៃបិដក ភាគ ៤១
បានចំរើនសមាធិចិត្ត បានចំរើនវិបស្សនាបញ្ញា មានគុណដ៏ច្រើន មានគុណក្នុងខ្លួនច្រើន មានការនៅ ដោយមិនមានរាគាទិក្កិលេស ម្នាលភិក្ខុទាំងឡាយ បុគ្គលបែបយ៉ាងនេះ ដែលបានធ្វើបាបកម្មត្រឹមតែបន្តិច ប្រហែលគ្នានឹងបាបកម្មមុននោះហើយ ត្រូវទទួលផល ក្នុងបច្ចុប្បន្ន ឯកម្មតិចតួចស្ដួចស្ដើង មិនប្រាកដ គឺថាមិនឲ្យផល ក្នុងអត្តភាព ជាគំរប់ពីរ(លុះណា) តែកម្មច្រើន ទើបប្រាកដ គឺថាឲ្យផលបាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរស បង់ដុំអំបិលមួយគ្រាប់ ក្នុងផ្ដឹលទឹកយ៉ាងតូច។ ម្នាលភិក្ខុទាំងឡាយចុះអ្នកទាំងឡាយ សំគាល់នូវហេតុនោះ ដូចម្ដេច ទឹកក្នុងផ្ដឹល យ៉ាងតូចនោះគួរជាទឹកប្រៃសព្វ ដោយអំបិលមួយគ្រាប់ ប៉ុណ្ណោះដែរឬ។ យ៉ាងហ្នឹងហើយ ព្រះអង្គ។ ដំណើរនោះ ព្រោះហេតុអ្វី ។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះទឹកក្នុងផ្ដឹលនោះ មានប្រមាណតិច ទឹកនោះ ជាទឹកប្រៃសព្វ ដោយអំបិលមួយគ្រាប់ ប៉ុណ្ណោះបាន យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសបង់អំបិលមួយគ្រាប់ ក្នុងទន្លេគង្គា។ ម្នាលភិក្ខុទាំងឡាយ តើអ្នកទាំងឡាយ សំគាល់នូវហេតុនោះ ដូចម្ដេច ទន្លេគង្គានោះ គួរប្រៃសព្វ ដោយអំបិលមួយគ្រាប់ ប៉ុណ្ណោះដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។
ID: 636853222910095927
ទៅកាន់ទំព័រ៖