ព្រះត្រៃបិដក ភាគ ៤១
ដំណើរនោះ ព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះក្នុងទន្លេគង្គាឯណោះ មានគំនរទឹកច្រើន គំនរទឹកយ៉ាងធំនោះ មិនគួរប្រៃសព្វ ដោយអំបិលមួយគ្រាប់ប៉ុណ្ណោះបាន យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ បានធ្វើបាបកម្ម សូម្បីត្រឹមតែបន្ដិចបន្តួចហើយ(បាបកម្មនោះ) នាំបុគ្គលនោះ ចូលទៅកាន់នរក ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ បានធ្វើបាបកម្មត្រឹមតែបន្តិចបន្ដួច ប្រហែលគ្នានឹងបាបកម្មមុននោះដែរ ហើយត្រូវទទួលផល ក្នុងបច្ចុប្បន្ន ឯកម្មមានប្រមាណតិច មិនប្រាកដ (លុះណា) តែកម្មច្រើន ទើបប្រាកដ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលបែបណា ដែលបានធ្វើបាបកម្ម សូម្បីត្រឹមតែបន្តិចបន្តួចហើយ (បាបកម្មនោះ) នាំបុគ្គលនោះ ចូលទៅកាន់នរក។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនបានចំរើនកាយ មិនបានចំរើនសីល មិនបានចំរើនសមាធិចិត្ត មិនបានចំរើនវិបស្សនាបញ្ញា មានគុណស្ដួចស្ដើង មានគុណក្នុងខ្លួនតិច មានការនៅជាទុក្ខ ព្រោះផលតិច ម្នាលភិក្ខុទាំងឡាយ បុគ្គលបែបនេះឯង ដែលបានធ្វើបាបកម្ម សូម្បីត្រឹមតែបន្តិចបន្តួចហើយ (បាបកម្មនោះ) នាំបុគ្គលនោះ ចូលទៅកាន់នរក។
ID: 636853223131748605
ទៅកាន់ទំព័រ៖