ព្រះត្រៃបិដក ភាគ ៤១
ម្នាលភិក្ខុទាំងឡាយ បុគ្គលបែបណា ដែលបានធ្វើបាបកម្ម ត្រឹមតែបន្តិបន្ដួច ប្រហែលគ្នានឹងបាបកម្មមុននោះដែរ ហើយត្រូវទទួលផល ក្នុងបច្ចុប្បន្ន ឯកម្មតិចតួច រមែងមិនប្រាកដ (លុះណា) តែកម្មច្រើនទើបប្រាកដ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកបានចំរើនកាយ បានចំរើនសីល បានចំរើនសមាធិចិត្ត បានចំរើនវិបស្សនាបញ្ញា មានគុណច្រើន មានគុណក្នុងខ្លួនច្រើន មានការនៅ ដោយមិនមានរាគាទិក្កិលេសទេ ម្នាលភិក្ខុទាំងឡាយ បុគ្គលបែបយ៉ាងនេះឯង បានធ្វើបាបកម្មត្រឹមតែបន្តិចបន្តួចប្រហែលគ្នានឹងបាបកម្មមុននោះដែរ ហើយត្រូវទទួលផល ក្នុងបច្ចុប្បន្ន ឯកម្មតិចតួច រមែងមិនប្រាកដ (លុះណា) តែកម្មច្រើន ទើបប្រាកដ គឺឲ្យផលបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាប់ចំណង ព្រោះកន្លះកហាបណៈ ខ្លះ ជាប់ចំណងព្រោះមួយកហាបណៈខ្លះ ជាប់ចំណង ព្រោះកហាបណៈ១០០ ខ្លះ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនជាប់ចំណង់ ព្រោះកន្លះកហាបណៈខ្លះ មិនជាប់ចំណង ព្រោះកហាបណៈមួយខ្លះ មិនជាប់ចំណង ព្រោះកហាបណៈ១០០ ខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសភាពយ៉ាងណា រមែងជាប់ចំណង ព្រោះកន្លះកហាបណៈខ្លះ ជាប់ចំណង ព្រោះកហាបណៈមួយខ្លះ ជាប់ចំណងព្រោះកហាបណៈ១០០ខ្លះ។
ID: 636853223360261675
ទៅកាន់ទំព័រ៖