ព្រះត្រៃបិដក ភាគ ៤១
ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកក្រីក្រ ឥតទីពំនាក់ មានគ្រឿងប្រើប្រាស់តិច ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសភាពយ៉ាងនេះ រមែងជាប់ចំណង ព្រោះកន្លះកហាបណៈខ្លះ ជាប់ចំណង ព្រោះកហាបណៈមួយខ្លះ ជាប់ចំណងព្រោះកហាបណៈ១០០ខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសភាពយ៉ាងណា មិនជាប់ចំណង ព្រោះកន្លះកហាបណៈខ្លះ មិនជាប់ចំណង ព្រោះកហាបណៈមួយខ្លះ មិនជាប់ចំណង ព្រោះកហាបណៈ១០០ខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកស្ដុកស្តម្ភ មានទ្រព្យច្រើន មានគ្រឿងប្រើប្រាស់ច្រើន ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសភាពយ៉ាងនេះ រមែងមិនជាប់ចំណង ព្រោះកន្លះកហាបណៈខ្លះ មិនជាប់ចំណង ព្រោះកហាបណៈមួយខ្លះ មិនជាប់ចំណង ព្រោះកហាបណៈ១០០ ខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះបានធ្វើបាបកម្ម សូម្បីត្រឹមតែបន្តិចបន្តួចហើយ (បាបកម្មនោះ) រមែងនាំបុគ្គលនោះ ចូលទៅកាន់នរក ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ បានធ្វើបាបកម្ម ត្រឹមតែបន្តិចបន្តួច ប្រហែលនឹងបាបកម្មមុននោះដែរ ហើយគួរទទួលផល ក្នុងបច្ចុប្បន្ន ឯកម្មតិចតួច មិនប្រាកដទេ (លុះណា) តែកម្មច្រើន ទើបប្រាកដបាន។ បេ។
ID: 636853223541302030
ទៅកាន់ទំព័រ៖