ព្រះត្រៃបិដក ភាគ ៤១
ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ទោះស្ដេចក្ដី អមាត្យធំ របស់ស្ដេចក្ដី ជាអ្នកស្ដុកស្ដម្ភ មានទ្រព្យច្រើន មានគ្រឿងប្រើប្រាស់ច្រើន ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសភាពយ៉ាងនេះ ដែលជាម្ចាស់ចៀម ឬជាអ្នកសម្លាប់ចៀម មិនល្មមដើម្បីសម្លាប់ក្ដី ចងក្ដី ដុតក្ដី ធ្វើកិច្ចគួរតាមការក្ដី នូវជនអ្នកយកចៀម ដែលខ្លួនមិនបានឲ្យ ដោយពិត អ្នកដែលគេលួចចៀម រមែងសំពះអង្វរអ្នកលួចចៀមនោះថា បពិត្រលោកអ្នកនិរទុក្ខ សូមលោកឲ្យចៀម ឬ តម្លៃចៀមមកខ្ញុំ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ បានធ្វើបាបកម្ម សូម្បីត្រឹមតែបន្តិចបន្តួចហើយ (បាបកម្មនោះ) នាំបុគ្គលនោះ ចូលទៅកាន់នរក ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ បានធ្វើបាបកម្ម ត្រឹមតែបន្តិចបន្តួច ប្រហែលគ្នានឹងបាបកម្មមុននោះដែរហើយ គួរទទួលផល ក្នុងបច្ចុប្បន្ន ឯបានកម្មតិចតួច មិនប្រាកដ (លុះណា) បាបកម្មច្រើន ទើបប្រាកដបាន។ បេ។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលណា និយាយយ៉ាងនេះថា បុរសនេះ ធ្វើកម្ម យ៉ាងណាៗ រមែងទទួលផលកម្មនោះ យ៉ាងនោះៗ ម្នាលភិក្ខុទាំងឡាយ កាលបើហេតុយ៉ាងនេះមាន ការប្រព្រឹត្តិព្រហ្មចរិយៈ ក៏មិនមាន
ID: 636853223892912141
ទៅកាន់ទំព័រ៖