ព្រះត្រៃបិដក ភាគ ៤១
បុគ្គលនោះ បើប្រាថ្នាថា សូមឲ្យអាត្មាអញ ទទួលនូវការតាក់តែងឫទ្ធិ ច្រើនប្រការ គឺអាត្មាអញតែម្នាក់ឯង ធ្វើឲ្យទៅជាមនុស្សច្រើននាក់ គ្នាច្រើននាក់ ឲ្យទៅជាម្នាក់ ធ្វើនូវទីកំបាំង ឲ្យទៅជាទីវាល ធ្វើនូវវាលឲ្យទៅជាទីកំបាំង ដើរទំលុះទៅក្រៅជញ្ចាំង ក្រៅកំពែង ក្រៅភ្នំបាន មិនមានទើសទាល់ ដូចជាដើរទៅក្នុងទីវាល ធ្វើនូវការមុជចុះ និងងើបឡើង ក្នុងផែនដី ដូចជាមុជងើបក្នុងទឹក ដើរទៅលើទឹក មិនបែកធ្លាយទឹក ដូចជាដើរទៅលើផែនដី អណ្ដែតទៅឯអាកាសទាំងភ្នែនបាន ដូចជាសត្វស្លាប ចាប់ស្ទាបអង្អែល ព្រះចន្រ្ទ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ដោយដៃ ញុំាងអំណាច ឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោក កាលបើហេតុមាន រមែងដល់នូវភាពគួរជាបន្ទាល់ ក្នុងការតាក់តែងឫទ្ធិនោះៗ។ បើបុគ្គលនោះ ប្រាថ្នាថា សូមឲ្យអាត្មាអញ មានសោតធាតុ ដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងសោតធាតុ របស់មនុស្សធម្មតាហើយ ឮនូវសំឡេងទាំងពីរ គឺសំឡេងទិព្វ១ សំឡេងរបស់មនុស្ស១ ដែលមាននៅក្នុងទីឆ្ងាយ និងទីជិត កាលបើហេតុមាន រមែងដល់នូវភាពគួរជាបន្ទាល់ ក្នុងការឮ នូវសំឡេងនោះៗ។
ID: 636853225241599281
ទៅកាន់ទំព័រ៖