ព្រះត្រៃបិដក ភាគ ៤១
បើបុគ្គលនោះប្រាថ្នាថា សូមឲ្យអាត្មាអញ កំណត់ដឹងច្បាស់ នូវចិត្តសត្វទាំងឡាយដទៃ បុគ្គលទាំងឡាយដទៃ ដោយចិត្ត (របស់ខ្លួន) បាន ចិត្តប្រកបដោយរាគៈក្ដី អាត្មាអញ ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តដែលប្រាសចាករាគៈហើយក្ដី អាត្មាអញ ក៏ដឹងច្បាស់ថា ចិត្តប្រាសចាករាគៈហើយ ចិត្តដែលប្រកបដោយទោសៈក្ដី អាត្មាអញ ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយទោសៈ ចិត្តដែលប្រាសចាកទោសៈហើយក្ដីអាត្មាអញ ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកទោសៈហើយ ចិត្តដែលប្រកបដោយមោហៈក្ដី អាត្មាក៏ដឹងច្បាស់ថា ចិត្តប្រកបដោយមោហៈ ចិត្តដែលប្រាសចាកមោហៈហើយក្ដី អាត្មាអញ ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកមោហៈហើយ ចិត្តដែលរួញថយក្ដី អាត្មាអញ ក៏ដឹងច្បាស់ថា ចិត្តរួញថយ ចិត្តដែលរាយមាយក្ដី អាត្មាអញ ក៏ដឹងច្បាស់ថា ចិត្តរាយមាយ ចិត្តដែលជាមហគ្គតៈ (ចិត្តដល់នូវភាពជាធំ) ក្ដី អាត្មាអញ ក៏ដឹងច្បាស់ថា ចិត្តជាមហគ្គតៈ ចិត្តដែលជាអមហគ្គតៈ (ចិត្តមិនបានដល់នូវភាពជាធំ) ក្ដី អាត្មាអញ ដឹងច្បាស់ថា ចិត្តជាអមហគ្គតៈ ចិត្តដែលមានចិត្តដទៃ ក្រៃលែងជាង (កាមាវចរៈ) ក្ដី អាត្មាអញ ក៏ដឹងច្បាស់ថា ចិត្តមានចិត្តដទៃ ក្រៃលែងជាង
ID: 636853225457351622
ទៅកាន់ទំព័រ៖