ព្រះត្រៃបិដក ភាគ ៤១
ធ្វើទុកក្នុងចិត្ត នូវឧបេក្ខានិមិត្ត ក្នុងកាលដ៏គួរ ទើបចិត្តនោះ ក៏ទន់ គួរដល់ភាវនាកម្ម ជាចិត្តភ្លឺផ្លេក មិនរឹង តាំងមាំដោយប្រពៃ ដើម្បីអស់ទៅ នៃអាសវៈទាំងឡាយបាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាជាងមាសក្ដី កូនសិស្សជាងមាសក្ដី ចាត់ចែងបាវ លុះចាត់ចែងបាវរួចហើយ ក៏ដុតមាត់បាវ កាលដុតមាត់បាវ ក៏យកដង្កៀបថ្កៀបមាស ដាក់ក្នុងមាត់បាវ ហើយសប់ក្នុងកាលដ៏គួរ បំព្រំទឹក ក្នុងកាលដ៏គួរ សំឡឹងមើល ក្នុងកាលដ៏គួរ។ ម្នាលភិក្ខុទាំងឡាយ បើជាងមាសក្ដី កូនសិស្សជាងមាសក្ដី គប្បីសប់តែមាសនោះ មួយចំណែក នោះជាហេតុធ្វើឲ្យមាសឆេះរលួយទៅ។ ម្នាលភិក្ខុទាំងឡាយ បើជាងមាសក្ដី កូនសិស្សជាងមាសក្ដី បំព្រំតែមាសនោះ ដោយទឹកមួយចំណែក នោះជាហេតុធ្វើមាសឲ្យត្រជាក់។ ម្នាលភិក្ខុទាំងឡាយ បើជាងមាសក្ដី កូនសិស្សជាងមានក្ដី សំឡឹងមើលតែមាសនោះមួយចំណែក នោះជាហេតុ ធ្វើមិនឲ្យមាសឆ្អិនសព្វសាច់បាន។
ID: 636853226677201393
ទៅកាន់ទំព័រ៖