ព្រះត្រៃបិដក ភាគ ៤១
ម្នាលភិក្ខុទាំងឡាយ កាលណា ជាងមាសក្ដី កូនសិស្សជាងមាសក្ដី សប់មាសនោះ ក្នុងកាលដ៏គួរ បំព្រំដោយទឹក ក្នុងកាលដ៏គួរ សំឡឹងមើល ក្នុងកាលដ៏គួរហើយ ទើបមាសនោះ ទៅជាមាសទន់ គួរដល់ការងារ ជាមាសមានសម្បុរភ្លឺផ្លេក មិនស្រួយ គួរបង្អោនទៅ ដើម្បីការងារ ដោយប្រពៃផង បើគេប្រាថ្នាគ្រឿងប្រដាប់ប្លែកៗ ណាៗ ទោះជាដំបារមាសក្ដី កណ្ឌលក្ដី គ្រឿងប្រដាប់កក្ដី កម្រងមាសក្ដី រមែងសម្រេចប្រយោជន៍នោះៗបាន (យ៉ាងណាមិញ)។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រកបរឿយៗ នូវអធិចិត្ត ត្រូវធ្វើទុកក្នុងចិត្ត នូវនិមិត្ត ៣ យ៉ាង ក្នុងកាលដ៏គួរ គឺត្រូវធ្វើទុកក្នុងចិត្ត នូវសមាធិនិមិត្ត ក្នុងកាសដ៏គួរ ១ ត្រូវធ្វើទុកក្នុងចិត្ត នូវបគ្គាហនិមិត្ត ក្នុងកាលដ៏គួរ ១ ត្រូវធ្វើទុកក្នុងចិត្ត នូវឧបេក្ខានិមិត្ត ក្នុងកាលដ៏គួរ១ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុអ្នកប្រកបនូវអធិចិត្ត គប្បីធ្វើទុកក្នុងចិត្ត នូវសមាធិនិមិត្ត តែមួយចំណែក ហេតុនោះ គប្បីនាំចិត្តឲ្យប្រព្រឹត្តទៅ ដើម្បីសេចក្ដីខ្ជិលច្រអូស។
ID: 636853226939216379
ទៅកាន់ទំព័រ៖