ព្រះត្រៃបិដក ភាគ ៤១
បុគ្គលវគ្គ
[២១] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះសវិដ្ឋៈដ៏មានអាយុ និងព្រះមហាកោដិ្ឋតៈ ដ៏មានអាយុ ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ ជាមួយនឹងព្រះសារីបុត្តដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះសេវិដ្ឋៈដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួររួចហើយ ព្រះសារីបុត្តដ៏មានអាយុ បានពោលដូច្នេះថា ម្នាលអាវុសោ សវិដ្ឋៈ បុគ្គល ៣ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៣ពួក តើដូចម្ដេច។ គឺកាយសក្ខិ (មានកាយជាបន្ទាល់) ១ ទិដ្ឋិប្បត្ត (ដល់ដោយទិដ្ឋិ គឺបញ្ញា) ១ សទ្ធាវិមុត្ត (រួចចាកកិលេសដោយសទ្ធា) ១។ ម្នាលអាវុសោ បុគ្គល៣ ពួកនេះឯង រមែងមាននៅក្នុងលោក។ ម្នាលអាវុសោ បណ្ដាបុគ្គល ទាំង៣ ពួកនេះ បុគ្គលដូចម្ដេច ដែលល្អជាងនិងឧត្ដមជាង ដែលគាប់ចិត្តលោក។ ម្នាលអាវុសោសារីបុត្ត បុគ្គល៣ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល៣ពួក តើដូចម្ដេច។
ID: 636853061458471422
ទៅកាន់ទំព័រ៖