ព្រះត្រៃបិដក ភាគ ៤១
បុថុជ្ជន ឋិតនៅក្នុងភពនោះ ដរាបដល់អស់អាយុ គឺថា កំណត់អស់អាយុទាំងអស់ ដែលប្រមាណអាយុ នៃពួកទេវតាទាំងនោះ ហើយក៏ទៅកើតក្នុងនរកខ្លះ ទៅកើតក្នុងកំណើតតិរច្ឆានខ្លះ ទៅកើតក្នុងបិត្តិវិស័យខ្លះ។ ចំណែកខាងសាវក របស់ព្រះដ៏មានព្រះភាគវិញ ឋិតនៅក្នុងភពនោះ ដរាបដល់អស់អាយុ គឺថា កំណត់អស់អាយុទាំងអស់ ដែលជាប្រមាណអាយុ នៃពួកទេវតាទាំងនោះ ហើយក៏បរិនិព្វានក្នុងភពនោះឯង។ ម្នាលភិក្ខុទាំងឡាយ នេះជាសេចក្ដីប្លែក នេះជាសេចក្ដីអធិប្បាយ នេះជាអំពើផ្សេងៗ នៃអរិយសាវក អ្នកចេះដឹង និងបុថុជ្ជន អ្នកមិនចេះដឹង កាលបើគតិភព និងឧបបត្តិភព មាននៅឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង៣ពួកនេះ រមែងមាននៅក្នុងលោក។
[១១៩] ម្នាលភិក្ខុទាំងឡាយ វិបត្តិទាំងឡាយនេះ មាន៣យ៉ាង។ វិបត្តិ៣យ៉ាង ដូចម្ដេចខ្លះ។ គឺ សីលវិបត្តិ ១ ចិត្តវិបត្តិ ១ ទិដ្ឋិវិបត្តិ ១។ ម្នាលភិក្ខុទាំងឡាយ ចុះសីលវិបត្តិ ដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកសំឡាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាម ពោលពាក្យកុហក ពោលពាក្យញុះញង់ ពោលពាក្យអាក្រក់
ID: 636853233275758809
ទៅកាន់ទំព័រ៖