ព្រះត្រៃបិដក ភាគ ៤១
ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលចង់ឆាន់ ក៏ទទួលនិមន្ត។ លុះកន្លងរាត្រីនោះទៅ ភិក្ខុនោះ ស្លៀកស្បង់ ប្រដាប់បាត្រនិងចីវរ ក្នុងវេលាព្រឹក រួចចូលទៅកាន់លំនៅ នៃគហបតី ឬគហបតិបុត្រនោះ លុះចូលទៅដល់ហើយ អង្គុយលើអាសនៈ ដែលគេក្រាលបម្រុងទុក។ គហបតី ឬ គហបតិបុត្រនោះ ក៏និមន្តភិក្ខុនោះ ឲ្យឆាន់ឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារ ដ៏ផ្ចិតផ្ចង់ ដោយដៃខ្លួនឯង។ ភិក្ខុនោះ មិនមានសេចក្ដីត្រិះរិះ យ៉ាងនេះថា ប្រពៃណាស់ហ្ន៎ គហបតី ឬគហបតិបុត្រនេះ និមន្តអញឲ្យឆាន់ឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារ ដ៏ផ្ចិតផ្ចង់ ដោយដៃខ្លួនឯង។ ទាំងមិនមានសេចក្ដីត្រិះរិះ យ៉ាងនេះថា ធ្វើម្ដេចហ្ន៎ នឹងបានគហបតី ឬគហបតិបុត្រនេះ និមន្តអញ ឲ្យឆាន់ឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារ ដ៏ផ្ចិតផ្ចង់ មានទំនងដូច្នេះ ដោយដៃខ្លួនឯង តទៅទៀតឡើយ។ ភិក្ខុនោះ មិនផ្ដេកផ្ដួល មិនជ្រុលជ្រប់ មិនល្មោភ ជាអ្នកឃើញទោស មានប្រាជ្ញាជាគ្រឿងរលាស់ខ្លួនចេញ បរិភោគនូវបិណ្ឌបាតនោះ។
ID: 636853250360125979
ទៅកាន់ទំព័រ៖