ព្រះត្រៃបិដក ភាគ ៤១
ម្នាលភិក្ខុទាំងឡាយ តថាគតសំដែងធម៌ សមតាមហេតុ មិនមែនមិនសមតាមហេតុទេ ម្នាលភិក្ខុទាំងឡាយ តថាគតសំដែងធម៌ ប្រកបដោយសេចក្ដីអស្ចារ្យ មិនមែនមិនប្រកបដោយសេចក្ដីអស្ចារ្យទេ។ ម្នាលភិក្ខុទាំងឡាយ កាលបើ តថាគតនោះ សំដែងធម៌ ដើម្បីឲ្យចេះដឹង មិនមែនដើម្បីមិនឲ្យចេះដឹង សំដែងធម៌ សមតាមហេតុ មិនមែនមិនសមតាមហេតុ សំដែងធម៌ ប្រកបដោយសេចក្ដីអស្ចារ្យ មិនមែនមិនប្រកបដោយសេចក្ដីអស្ចារ្យ អ្នកទាំងឡាយ គួរធ្វើតាមឱវាទ គួរធ្វើតាមអនុសាសនី។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អ្នកទាំងឡាយ គួរត្រេកអរ គួរពេញចិត្ត គួររីករាយ (ចំពោះគុណព្រះរតនត្រ័យ) ថា ព្រះដ៏មានព្រះភាគ ជាព្រះសម្មាសម្ពុទ្ធ ព្រះធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយប្រពៃ ព្រះសង្ឃប្រតិបត្តិដោយប្រពៃ។ លុះព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះដ៏មានព្រះភាគ។ ក៏កាលដែលព្រះដ៏មានព្រះភាគ សំដែងនូវវេយ្យាករណ៍នេះចប់ហើយ លោកធាតុ ទាំង១ពាន់ ក៏កក្រើករញ្ជួយ។
ID: 636853251364943451
ទៅកាន់ទំព័រ៖