ព្រះត្រៃបិដក ភាគ ៤១

 [​១២៨​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ស្ដេច​ទៅកាន់​ចារិក​ក្នុង​កោសល​ជនបទ​ ​ក៏​ស្ដេច​ទៅដល់​ក្រុង​កបិល​ព័ស្តុ​។​ ​មហា​នាម​សក្យរាជ​ ​បាន​ជ្រាប​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ស្ដេច​មកដល់​ក្រុង​កបិល​ព័ស្តុ​ហើយ​។​ ​លំដាប់នោះ​ ​មហា​នាម​សក្យរាជ​ ​សេ្ដច​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​ប្រថាប់​ក្នុង​ទីសម​គួរ​។​ ​លុះ​មហា​នាម​សក្យរាជ​ ​ប្រថាប់​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​បពិត្រ​មហា​នាម​ ​សូម​ទ្រង់​ស្ដេច​ទៅ​ពិនិត្យមើល​លំនៅ​ ​ក្នុង​ក្រុង​កបិល​ព័ស្តុ​ ​ដែល​ជាទី​គួរ​តថាគត​នៅ​ ​អស់​មួយ​យប់​ ​ក្នុងថ្ងៃនេះ​។​ ​មហា​នាម​សក្យរាជ​ ​ទទួល​ព្រះតម្រាស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ ​ហើយ​ស្ដេចយាង​ក្រឡឹង​មើល​ក្រុង​កបិល​ព័ស្តុ​ទាំងមូល​ ​ក៏​មិនបាន​ឃើញ​លំនៅ​ ​ក្នុង​ក្រុង​កបិល​ព័ស្តុ​ ​ដែល​ជាទី​គួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គង់នៅ​អស់​មួយ​យប់​បាន​។​ ​វេលា​នោះ​ ​មហា​នាម​សក្យរាជ​ ​ទ្រង់​ស្ដេច​ត្រឡប់​ចូល​មក​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​វិញ​ ​លុះ​ចូល​មកដល់​ហើយ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លំនៅ​ក្នុង​ក្រុង​កបិល​ព័ស្តុ​ ​ដែល​ជាទី​គួរ​ព្រះអង្គ​គង់នៅ​ ​អស់​មួយ​យប់​ ​ក្នុងថ្ងៃនេះ​ ​មិន​មាន​ទេ
ថយ | ទំព័រទី ៤៣៦ | បន្ទាប់
ID: 636853251624168278
ទៅកាន់ទំព័រ៖