ព្រះត្រៃបិដក ភាគ ៤១
នឹងចូលទៅគាល់ព្រះដ៏មានព្រះភាគទេ ព្រោះព្រះដ៏មានព្រះភាគ កំពុងនឿយព្រះកាយ ឥឡូវអាត្មាអញ ចាំចូលទៅគាល់ព្រះដ៏មានព្រះភាគ ក្នុងថ្ងៃស្អែកវិញចុះ មហានាមសក្យរាជ ក៏ថ្វាយបង្គំលាព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយស្ដេចចេញទៅ។ លំដាប់នោះ មហានាមសក្យរាជ លុះកន្លងរាត្រីនោះទៅ ក៏ស្ដេចចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះស្ដេចចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចប្រថាប់ក្នុងទីសមគួរ។ លុះមហានាមសក្យរាជ ប្រថាប់ក្នុងទីសមគួរហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា បពិត្រមហានាម សាស្ដា ៣ ពួកនេះ រមែងមានប្រាកដក្នុងលោក។ សាស្ដា៣ពួក ដូចម្ដេចខ្លះ។ បពិត្រមហានាម សាស្ដាពួកខ្លះ ក្នុងលោកនេះ បញ្ញត្តការកន្លងនូវកាម គឺបឋមជ្ឈាន មិនបញ្ញត្តការកន្លងនូវរូប គឺអរូបាវចរសមាបត្តិ មិនបញ្ញត្តការកន្លងនូវវេទនា គឺនិព្វាន។ បពិត្រមហានាម មួយទៀត សាស្ដាពួកខ្លះ ក្នុងលោកនេះ បញ្ញត្តការកន្លងនូវកាមផង បញ្ញត្តការកន្លងនូវរូបផង តែមិនបញ្ញត្តការកន្លងនូវវេទនា។ បពិត្រមហានាម មួយវិញទៀត សាស្ដាពួកខ្លះ ក្នុងលោកនេះ បញ្ញត្តការកន្លង នូវកាមផង បញ្ញត្តការកន្លងនូវរូបផង បញ្ញត្តការកន្លង នូវវេទនាផង។ បពិត្រមហានាម សាស្ដា៣ ពួកនេះឯង រមែងមានប្រាកដក្នុងលោក។
ID: 636853252069633757
ទៅកាន់ទំព័រ៖