ព្រះត្រៃបិដក ភាគ ៤១
បពិត្រមហានាម ចុះសាស្ដា ៣ ពួកនេះ មានសេចក្ដីយល់ដូចគ្នា ឬមានសេចក្ដីយល់ផ្សេងគ្នា។ កាលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរយ៉ាងនេះ ភរណ្ឌុកាលាមតាបស បានបង្គាប់មហានាមសក្យរាជ ដូច្នេះថា បពិត្រមហានាម សូមមហាពិត្រមានព្រះរាជឱង្ការថា មានសេចក្ដីយល់ដូចគ្នា។ កាលភរណ្ឌុកាលាមតាបស និយាយយ៉ាងនេះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងមហានាមសក្យរាជ ដូច្នេះថា បពិត្រមហានាម សូមទ្រង់មានព្រះរាជឱង្ការថា មានសេចក្ដីយល់ផ្សេងគ្នា ដូច្នេះវិញ។ ភរណ្ឌុកាលាមតាបស បានបង្គាប់មហានាមសក្យរាជ អស់២ដងថា បពិត្រមហានាម សូមមហាបពិត្រ មានព្រះរាជឱង្ការថា មានសេចក្ដីយល់ដូចគ្នា។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងមហានាមសក្យរាជ អស់២ ដងទៀតថា បពិត្រមហានាម សូមទ្រង់មានព្រះរាជឱង្ការថា មានសេចក្ដីយល់ផ្សេងគ្នា ដូច្នេះវិញ។ ភរណ្ឌុកាលាមតាបស បានបង្គាប់មហានាមសក្យរាជ អស់ ៣ដងថា បពិត្រមហានាម សូមមហាបពិត្រ មានព្រះរាជឱង្ការថា មានសេចក្ដីយល់ដូចគ្នា។ ព្រះដ៏មានព្រះភាគ បានត្រាស់នឹងមហានាមសក្យរាជ អស់៣ ដងទៀតថា បពិត្រមហានាម សូមទ្រង់មានព្រះរាជឱង្ការថា មានសេចក្ដីយល់ផ្សេងគ្នា ដូច្នេះវិញ។
ID: 636853252286636169
ទៅកាន់ទំព័រ៖