ព្រះត្រៃបិដក ភាគ ៤១
លំដាប់នោះ ភរណ្ឌុកាលាម តាបស មានសេចក្ដីត្រិះរិះ ដូច្នេះថា មិនសមបើព្រះសមណគោតម មិនជ្រះថ្លានឹងអញ អស់ ៣ដង ក្នុងទីចំពោះព្រះភក្រ្តមហានាមសក្យរាជ ដែលមានសក្ដិធំសោះ បើដូច្នោះ អញគួរដើរចេញ អំពីក្រុងកបិលព័ស្ដុ។ លំដាប់នោះ ភរណ្ឌុកាលាមតាបស ក៏ចេញអំពីកបិលព័ស្តុ គឺចេញទៅតែម្ដង មិនបានត្រឡប់មកក្រោយវិញឡើយ។
[១២៩] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រាកាលរាត្រីកន្លងបឋមយាម ទេវបុត្រឈ្មោះ ហត្ថកៈ មានសម្បុរល្អ ធ្វើវត្តជេតពនទាំងមូល ឲ្យភ្លឺច្បាស់ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏គិតថា អញនឹងឈរ ក្នុងទីចំពោះព្រះភក្រ្តព្រះដ៏មានព្រះភាគ ដូច្នេះ ហើយត្រឡប់អង្គុយស្រពាប អង្គុយរាបវិញ មិនអាចនឹងឈរនៅបានឡើយ។
ID: 636853252499578349
ទៅកាន់ទំព័រ៖