ព្រះត្រៃបិដក ភាគ ៤១
លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ ព្រះសវិដ្ឋៈដ៏មានអាយុ និងព្រះមហាកោដ្ឋិតៈដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលពាក្យ ដែលចរចា ជាមួយនឹងព្រះសវិដ្ឋៈដ៏មានអាយុ និងព្រះមហាកោដ្ឋិតៈដ៏មានអាយុ តាំងពីដើមទាំងអស់នោះ ចំពោះព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសារីបុត្ត ក្នុងដំណើរនុ៎ះ បុគ្គលមិនងាយនឹងព្យាករ ដោយដាច់ខាតថា បណ្ដាបុគ្គល ទាំង៣ពួកនេះ បុគ្គលនេះ ល្អជាង និងឧត្ដមជាង ដូច្នេះទេ។ ម្នាលសារីបុត្ត ហេតុនុ៎ះ រមែងមានដោយពិតថា បុគ្គលណា ជាសទ្ធាវិមុត្ត បុគ្គលនោះ ប្រតិបត្តិ ដើម្បីអរហត្តមគ្គ បុគ្គលណា ជាកាយសក្ខិ បុគ្គលនោះ ជាសកទាគាមី ឬជា អនាគាមី មួយទៀត បុគ្គលណា ជាទិដ្ឋិប្បត្ត បុគ្គលនោះ ជាសកទាគាមី ឬជាអនាគាមី ក៏មាន។ ម្នាលសារីបុត្ត ក្នុងដំណើរនុ៎ះ បុគ្គលមិនងាយព្យាករ ដោយដាច់ខាតថា បណ្ដាបុគ្គល ទាំង៣ពួកនេះ បុគ្គលនេះ ល្អជាង និងឧត្តមជាង ដូច្នេះទេ។
ID: 636853062173872341
ទៅកាន់ទំព័រ៖