ព្រះត្រៃបិដក ភាគ ៤១
និយាយពាក្យមិនជាទីគាប់ចិត្តក្តី តែងឆាប់និយាយតបតទៅវិញ ឆ្លើយឆ្លងស្រួលវិញ រីករាយទៅរកវិញ។ ម្នាលភិក្ខុទាំងឡាយ គំនូសទឹក រមែងរលុបឆាប់ មិនតាំងនៅអស់កាលយូរ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្វះ ក្នុងលោកនេះ ដែលគេនិយាយពាក្យរឹងរូសក្តី និយាយពាក្យអាក្រក់ក្តី និយាយពាក្យមិនជាទីគាប់ចិត្តក្តី រមែងឆាប់និយាយតបតទៅវិញ ឆ្លើយឆ្លងស្រួលវិញ រីករាយទៅរកវិញ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលប្រៀបដូចគំនូសទឹក។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៣ ពួកនេះឯង មានប្រាកដក្នុងលោក។
ចប់ កុសិនារវគ្គ ទី៣។
ឧទ្ទាននៃកុសិនារវគ្គនោះគឺ
និយាយអំពីព្រះដ៏មានព្រះភាគ គង់ជិតក្រុងកុសិនារា ១ អំពីពួកភិក្ខុបង្កហេតុ ទាស់ទែងគ្នា ១ អំពីព្រះដ៏មានព្រះភាគ គង់នៅក្នុងគោតមកចេតិយ ១ អំពីភរណ្ខុកាលាមតាបស ១ អំពីហត្ថកទេវបុត្ត ១ អំពីភិក្ខុធ្វើខ្លួនឲ្យស្អុយ ១ អំពីព្រះអនុរុទ្ធ ២ លើក អំពីវត្ថុដែលបិទបាំង ១ អំពីគំនូស ១ រួបរួមត្រូវជា ១០។
ID: 636853255800617157
ទៅកាន់ទំព័រ៖