ព្រះត្រៃបិដក ភាគ ៤១
សង្ខារទាំងឡាយណា ជិតក្តី ឆ្ងាយក្តី ភិក្ខុពិចារណាឃើញ នូវសង្ខារទាំងអស់នុ៎ះ ដោយបញ្ញាដ៏ប្រពៃ តាមសេចក្តីពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។ វិញ្ញាណណាមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វិញ្ញាណណា ជិតក្តី ឆ្ងាយក្តី ភិក្ខុពិចារណាឃើញ នូវវិញ្ញាណទាំងអស់នុ៎ះ ដោយបញ្ញាដ៏ប្រពៃ តាមសេចក្តីពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបាញ់បានឆ្ងាយ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុ ជាអ្នកបាញ់មិនខុស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាហេតុ នាំឲ្យកើតទុក្ខ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាសេចក្តីរលត់ទុក្ខ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាសេចក្តីប្រតិប័ទ ជាដំណើរទៅកាន់ទីរលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបាញ់មិនខុស យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុ ជាអ្នកទំលាយគំនរធំៗ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទំលាយគំនរ នៃអវិជ្ជាដ៏ធំបាន។
ID: 636853256677097289
ទៅកាន់ទំព័រ៖