ព្រះត្រៃបិដក ភាគ ៤១
[១៣៩] ម្នាលភិក្ខុទាំងឡាយ សំពត់ទាំងឡាយណាមួយ ដែលគេត្បាញដោយតម្បាញ សំពត់កម្ពល ដែលគេត្បាញដោយសក់មនុស្ស ប្រាកដជាអាក្រក់បំផុត ជាងសំពត់ទាំងនោះ ម្នាលភិក្ខុទាំងឡាយ សំពត់កម្ពល ដែលគេត្បាញដោយសក់មនុស្ស ត្រជាក់ក្នុងពេលត្រជាក់ ក្តៅក្នុងពេលក្តៅ មានសម្បុរអាក្រក់ មានក្លិនអាក្រក់ មានសម្ជស្សអាក្រក់ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ វាទៈនៃសមណៈច្រើននាក់ណាមួយ វាទៈនៃគ្រូឈ្មោះ មក្ខលិ ប្រាកដជាអាក្រក់ជាងវាទៈ នៃសមណៈទាំងនោះ ក៏យ៉ាងនោះដែរ ម្នាលភិក្ខុទាំងឡាយ មក្ខលិ ជាមោឃបុរសមានសេចក្តីប្រកាន់យ៉ាងនេះ មានការយល់ឃើញ យ៉ាងនេះថា កម្មមិនមាន អំពើដែលត្រូវធ្វើ មិនមាន សេចក្តីព្យាយាម មិនមាន។ ម្នាលភិក្ខុទាំងឡាយ ព្រះអរហន្ត សម្មាសម្ពុទ្ធទាំងឡាយណា ក្នុងអតីតកាល ព្រះអរហន្ត សម្មាសម្ពុទ្ធ ដ៏មានព្រះភាគទាំងនោះ ជាកម្មវាទផង ជាកិរិយវាទផង ជាវីរិយវាទផង។
ID: 636853257414309455
ទៅកាន់ទំព័រ៖