ព្រះត្រៃបិដក ភាគ ៤១
[១៤១] ម្នាលភិក្ខុទាំងឡាយ វុឌ្ឍិ ( សេចក្តីចំរើន ) នេះ មាន ៣ យ៉ាង។ វុឌ្ឍិ ៣ យ៉ាង ដូចម្តេចខ្លះ។ គឺ សទ្ធាវុឌ្ឍិ ១ សីលវុឌ្ឍិ ១ បញ្ញវុឌ្ឍិ ១។ ម្នាលភិក្ខុទាំងឡាយ វុឌ្ឍិ មាន ៣ យ៉ាងនេះឯង។
[១៤២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវគោត្រនៃសេះ ៣ យ៉ាង នូវគោត្រនៃបុរស ៣ យ៉ាង ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ក៏ទទួលព្រះតម្រាស់ នៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះគោត្រនៃសេះ ៣ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ គោត្រនៃសេះខ្លះ ក្នុងលោកនេះ ជាវាហនៈ បរិបូណ៌ដោយល្បឿន តែមិនបរិបូណ៌ដោយសម្បុរ មិនបរិបូណ៌ដោយកំពស់ និងមាឌ ១ ម្នាលភិក្ខុទាំងឡាយ គោត្រនៃសេះខ្លះ ក្នុងលោកនេះ ជាវាហនៈ បរិបូណ៌ដោយល្បឿនផង បរិបូណ៌ដោយសម្បុរផង តែមិនបរិបូណ៌ដោយកំពស់ និងមាឌ ១ ម្នាលភិក្ខុទាំងឡាយគោត្រនៃសេះខ្លះ ក្នុងលោកនេះ ជាវាហនៈ បរិបូណ៌ដោយល្បឿនផង បរិបូណ៌ដោយសម្បុរផង បរិបូណ៌ដោយកំពស់ និងមាឌផង ១។
ID: 636853257868585438
ទៅកាន់ទំព័រ៖