ព្រះត្រៃបិដក ភាគ ៤១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គោត្រ​នៃ​សេះ​ ​មាន​ ​៣​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​គោត្រ​នៃ​បុរស​ ​៣​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គោត្រ​នៃ​បុរស​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​បរិបូណ៌​ដោយ​ល្បឿន​ ​តែ​មិន​បរិបូណ៌​ដោយ​សម្បុរ​ ​មិន​បរិបូណ៌​ដោយ​កំពស់​ ​និង​មាឌ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គោត្រ​នៃ​បុរស​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​បរិបូណ៌​ដោយ​ល្បឿន​ផង​ ​បរិបូណ៌​ដោយ​សម្បុរ​ផង​ ​តែ​មិន​បរិបូណ៌​ដោយ​កំពស់​ ​និង​មាឌ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គោត្រ​នៃ​បុរស​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​បរិបូណ៌​ដោយ​ល្បឿន​ផង​ ​បរិបូណ៌​ដោយ​សម្បុរ​ផង​ ​បរិបូណ៌​ដោយ​កំពស់​ ​និង​មាឌ​ផង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​គោត្រ​នៃ​បុរស​ ​ជា​អ្នក​បរិបូណ៌​ដោយ​ល្បឿន​ ​តែ​មិន​បរិបូណ៌​ដោយ​សម្បុរ​ ​មិន​បរិបូណ៌​ដោយ​កំពស់​ ​និង​មាឌ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​ទុក្ខ​។​ ​បេ​។​ ​ដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​រលត់ទុក្ខ​។​ ​តថាគត​ហៅថា​ ​នេះ​ជា​ល្បឿន​ ​របស់​ភិក្ខុ​នោះ​។​ ​តែបើ​ភិក្ខុ​នោះ​ ​ត្រូវ​គេ​សាកសួរ​ប្រស្នា​ ​ក្នុង​អភិធម្ម​ ​ក្នុង​អភិ​វិន័យ​ ​រមែង​ស្ងៀមស្ងាត់​ ​ដោះស្រាយ​មិន​រួច​។​ ​តថាគត​ហៅថា​ ​នេះ​មិនមែន​ជា​សម្បុរ​ ​របស់​ភិក្ខុ​នោះ​។
ថយ | ទំព័រទី ៤៦១ | បន្ទាប់
ID: 636853258047955698
ទៅកាន់ទំព័រ៖