ព្រះត្រៃបិដក ភាគ ៤១
ទាំងភិក្ខុនោះ ក៏ជាអ្នកឆ្នែងលាភ ចំពោះចីវរ បិណ្ឌបាត សេនាសនៈ និងបរិក្ខារ គឺថ្នាំ ជាបច្ច័យដល់អ្នកជម្ងឺ។ តថាគតហៅថា នេះមិនមែនជាកំពស់ និងមាឌ របស់ភិក្ខុនោះ។ ម្នាលភិក្ខុទាំងឡាយ គោត្រនៃបុរស ជាអ្នកបរិបូណ៌ដោយល្បឿន តែមិនបរិបូណ៌ដោយសម្បុរ មិនបរិបូណ៌ដោយកំពស់ និងមាឌ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះគោត្រនៃបុរស ជាអ្នកបរិបូណ៌ដោយល្បឿនផង បរិបូណ៌ដោយសម្បុរផង តែមិនបរិបូណ៌ដោយកំពស់ និងមាឌ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខ។ បេ។ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរលត់ទុក្ខ។ តថាគតហៅថា នេះជាល្បឿនរបស់ភិក្ខុនោះ។ ភិក្ខុនោះ កាលបើគេសាកសួរប្រស្នា ក្នុងអភិធម្ម ក្នុងអភិវិន័យ រមែងដោះស្រាយរួច មិនស្ងៀមស្ងាត់។ តថាគតហៅថា នេះជាសម្បុរ របស់ភិក្ខុនោះ។ តែភិក្ខុនោះ ជាអ្នកឆ្នែងលាភ ចំពោះចីវរ បិណ្ឌបាត សេនាសនៈ និងបរិក្ខារ គឺថ្នាំ ជាបច្ច័យដល់អ្នកជម្ងឺ។ តថាគតហៅថា នេះមិនមែនជាកំពស់ និងមាឌ របស់ភិក្ខុនោះ។
ID: 636853258219035483
ទៅកាន់ទំព័រ៖