ព្រះត្រៃបិដក ភាគ ៤១
ម្នាលភិក្ខុទាំងឡាយ គោត្រនៃបុរស ជាអ្នកបរិបូណ៌ដោយល្បឿនផង បរិបូណ៌ដោយសម្បុរផង តែមិនបរិបូណ៌ដោយកំពស់ និងមាឌ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះគោត្រនៃបុរស ជាអ្នកបរិបូណ៌ដោយល្បឿនផង បរិបូណ៌ដោយសម្បុរផង បរិបូណ៌ដោយកំពស់ និងមាឌផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខ។ បេ។ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរលត់ទុក្ខ។ តថាគតហៅថា នេះជាល្បឿន របស់ភិក្ខុនោះ។ ភិក្ខុនោះ កាលបើគេសាកសួរប្រស្នា ក្នុងអភិធម្ម ក្នុងអភិវិន័យ រមែងដោះស្រាយរួច មិនស្ងៀមស្ងាត់។ តថាគតហៅថា នេះជាសម្បុរ របស់ភិក្ខុនោះ។ ទាំងភិក្ខុនោះ ក៏ជាអ្នកស្វាក់លាភ ចំពោះចីវរ បិណ្ឌបាត សេនាសនៈ និងបរិក្ខារ គឺថ្នាំ ជាបច្ច័យដល់អ្នកជម្ងឺ។ តថាគតហៅថា នេះជាកំពស់ និងមាឌ របស់ភិក្ខុនោះ។ ម្នាលភិក្ខុទាំងឡាយ គោត្រនៃបុរស ជាអ្នកបរិបូណ៌ដោយល្បឿនផង បរិបូណ៌ដោយសម្បុរផង បរិបូណ៌ដោយកំពស់ និងមាឌផង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ គោត្រនៃបុរស មាន ៣ យ៉ាងនេះឯង។
ID: 636853258395995604
ទៅកាន់ទំព័រ៖