ព្រះត្រៃបិដក ភាគ ៤១
តថាគតហៅថា នេះជាល្បឿន របស់ភិក្ខុនោះ។ ភិក្ខុនោះ បើត្រូវគេសាកសួរប្រស្នា ក្នុងអភិធម្ម ក្នុងអភិវិន័យ រមែងដោះស្រាយរួច មិនស្ងៀមស្ងាត់។ តថាគតហៅថា នេះជាគុណ របស់ភិក្ខុនោះ។ ទាំងភិក្ខុនោះ ជាអ្នកស្វាក់លាភ ចំពោះចីវរ បិណ្ឌបាត សេនាសនៈ និងបរិក្ខារ គឺថ្នាំ ជាបច្ច័យដល់អ្នកជម្ងឺ។ តថាគតហៅថា នេះជាកំពស់ និងមាឌ របស់ភិក្ខុនោះ។ ម្នាលភិក្ខុទាំងឡាយ បុរសរាបសា ជាអ្នកបរិបូណ៌ដោយល្បឿនផង បរិបូណ៌ដោយសម្បុរផង បរិបូណ៌ដោយកំពស់ និងមាឌផង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុរសរាបសា មាន ៣ ពួកនេះឯង។
[១៤៤] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវសេះអាជានេយ្យដ៏ល្អ ៣ ពួកផង នូវបុរសអាជានេយ្យដ៏ល្អ ៣ ពួកផង ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលព្រះតម្រាស់ នៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ចុះសេះអាជានេយ្យដ៏ល្អ ៣ ពួក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ល្អខ្លះ ក្នុងលោកនេះ។ បេ។ ជាវាហនៈ បរិបូណ៌ដោយល្បឿនផង បរិបូណ៌ដោយសម្បុរផង បរិបូណ៌ដោយកំពស់ និងមាឌផង ១។
ID: 636853259214902443
ទៅកាន់ទំព័រ៖