ព្រះត្រៃបិដក ភាគ ៤១
មិនទទួលភត្ត ដែលគេនាំមកកន្លងកំណាត់ឈើ មិនទទួលភត្ត ដែលគេនាំមកកន្លងអង្រែ មិនទទួលភត្តរបស់មនុស្សពីរនាក់ ដែលកំពុងបរិភោគ មិនទទួលភត្តរបស់ស្ត្រីមានគភ៌ មិនទទួលភត្តរបស់ស្ត្រី ដែលកំពុងបំបៅកូន មិនទទួលភត្តរបស់ស្ត្រី ដែលកំពុងនៅរួមនឹងបុរស មិនទទួលភត្ត ក្នុងទីដែលពួកគ្នាឯងណែនាំ មិនទទួលភត្ត ក្នុងទីដែលមានឆ្កែនៅចាំ មិនទទួលភត្ត ក្នុងទីដែលមានរុយរោម មិនស៊ីត្រី មិនស៊ីសាច់ មិនផឹកសុរា មិនផឹកមេរ័យ មិនផឹកទឹកត្រាំថ្នាំ បុគ្គលនោះ ទទួលភត្តចំពោះតែក្នុងផ្ទះមួយ ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ដោយដុំបាយមួយពំនូតខ្លះ ទទួលភត្តចំពោះតែក្នុងផ្ទះពីរ ញុំាងអត្តភាព ឲ្យប្រពឹត្តទៅ ដោយដុំបាយពីរពំនូតខ្លះ ទទួលភត្តចំពោះតែក្នុងផ្ទះ ៧ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយដុំបាយ ៧ ពំនូតខ្លះ ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ដោយភត្តក្នុងភាជន៍ ១ ខ្លះ ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ដោយភត្តក្នុងភាជន៍ ២ ខ្លះ… ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ដោយភត្តក្នុងភាជន៍ ៧ ខ្លះ… ស៊ីអាហាររំលង ១ ថ្ងៃខ្លះ ស៊ីអាហាររំលង ២ ថ្ងៃខ្លះ… ស៊ីអាហាររំលង ៧ ថ្ងៃខ្លះ បុគ្គលនោះ ប្រកបដោយសេចក្តីព្យាយាម ក្នុងការផ្លាស់ប្តូរ នូវការបរិភោគភត្ត រំលងកន្លះខែ មានសភាព ដូច្នេះឯង។
ID: 636853262202093301
ទៅកាន់ទំព័រ៖