ព្រះត្រៃបិដក ភាគ ៤១
បុគ្គលនោះ មានបន្លែស្រស់ ជាអាហារខ្លះ មានអង្ករស្រងែ ជាអាហារខ្លះ មានស្កួយ ជាអាហារខ្លះ មានកំទេចស្បែក ជាអាហារខ្លះ មានជ័រជាអាហារខ្លះមានស្លែ ឬសារាយ ជាអាហារខ្លះ មានកន្ទក់ជាអាហារខ្លះ មានបាយក្តាំងជាអាហារខ្លះ មានម្សៅជាអាហារខ្លះ មានស្មៅជាអាហារខ្លះ មានអាចម៍គោ ជាអាហារខ្លះ មានមើមឈើ និងផ្លែឈើក្នុងព្រៃ ជាអាហារខ្លះ បរិភោគតែផ្លែឈើដែលជ្រុះស្រាប់ខ្លះ បុគ្គលនោះ ស្លៀកដណ្តប់សំពត់សម្បកឆ្មៃខ្លះ ស្លៀកដណ្តប់សំពត់ដែលគេត្បាញលាយគ្នាខ្លះ ស្លៀកដណ្តប់សំពត់ ដែលបកចេញអំពីសាកសពខ្លះ ស្លៀកដណ្តប់សំពត់បង្សុកូលខ្លះ ស្លៀកដណ្តប់សំបកឈើខ្លះ ស្លៀកដណ្តប់ស្បែកខ្លាខ្លះ ស្លៀកដណ្តប់ស្បែកខ្លាទាំងក្រចកខ្លះ ស្លៀកដណ្តប់ស្បូវភ្លាំងខ្លះ ស្លៀកដណ្តប់សំពត់ត្បាញដោយសម្បកក្រចៅខ្លះ ស្លៀកដណ្តប់ចំរៀកក្តារខ្លះ ស្លៀកដណ្តប់សំពត់កម្ពល ដែលត្បាញដោយសក់មនុស្សខ្លះ ស្លៀកដណ្តប់សំពត់កម្ពល ដែលត្បាញដោយរោមកន្ទុយសត្វខ្លះ ស្លៀកដណ្តប់សំពត់ ដែលត្បាញដោយស្លាបមៀមខ្លះ ទុកសក់ និងពុកមាត់ ប្រព្រឹត្តកាន់វត្ត ក្នុងការព្យាយាមទុកសក់ និងពុកមាត់ខ្លះ ឈរសម្រឹងហាមឃាត់នូវអាសនៈខ្លះ អង្គុយច្រហោង ប្រព្រឹត្តកាន់វត្ត ក្នុងការព្យាយាមអង្គុយច្រហោងខ្លះ ដេកលើបន្លា
ID: 636853262452387617
ទៅកាន់ទំព័រ៖