ព្រះត្រៃបិដក ភាគ ៤១
ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលដឹងច្បាស់ តាមពិតថា នេះជាទុក្ខ ដឹងច្បាស់តាមពិតថា នេះជាទីកើតឡើងនៃទុក្ខ ដឹងច្បាស់តាមពិតថា នេះជាសេចក្ដីរលត់ទៅនៃទុក្ខ ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ ព្រោះអាស្រ័យបុគ្គលណា ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះហៅថា មានឧបការៈច្រើន ដល់បុគ្គលនេះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលបានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅ នៃអាសវៈទាំងឡាយដោយប្រាជ្ញា ដ៏ឧត្ដមដោយខ្លួនឯង ក្នុងបច្ចុប្បន្ននេះ សម្រេចសម្រាន្តនៅ ព្រោះអាស្រ័យបុគ្គលណា ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ឈ្មោះថា មានឧបការៈច្រើន ដល់បុគ្គលនេះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល៣ពួកនេះ ឈ្មោះថា មានឧបការៈច្រើន ដល់បុគ្គល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត តថាគតពោលថា បុគ្គលឯទៀត មានឧបការៈច្រើន ដល់បុគ្គលនេះ លើសជាងបុគ្គលទាំង៣ ពួកនេះទៅទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត តថាគតពោលថា បុគ្គលនេះ មិនងាយនឹងតបគុណ ដល់បុគ្គល ទាំង៣ ពួកនេះ ដោយការថ្វាយបង្គំ ការក្រោកទទួល ការធ្វើអញ្ជលិកម្ម សមីចិកម្ម និងការប្រគេនចីវរ បិណ្ឌបាត សេនាសនៈ និងគ្រឿងបរិក្ខារ ជាបច្ច័យដល់អ្នកជម្ងឺបានទេ។
ID: 636853104921867386
ទៅកាន់ទំព័រ៖