ព្រះត្រៃបិដក ភាគ ៤១
[២៥] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៣ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៣ ពួក តើដូចម្ដេច។ គឺបុគ្គលមានចិត្តប្រៀបដូចដំបៅចាស់ ១ បុគ្គលមានចិត្តប្រៀបដូចផ្លេកបន្ទោរ ១ បុគ្គលមានចិត្តប្រៀបដូចពេជ្រ ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល មានចិត្តប្រៀបដូចដំបៅចាស់ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកក្រោធច្រើន ដោយសេចក្ដីតានតឹង សូម្បីគេពោលតែបន្តិចបន្ដួច ក៏ជាប់ចិត្តក្រោធ ព្យាបាទ ប្រកាន់រឹងត្អឹង ធ្វើសេចក្ដីក្រោធ ទោសៈ និងសេចក្ដីមិនសប្បាយចិត្ត ឲ្យកើតប្រាកដឡើង។ ម្នាលភិក្ខុទាំងឡាយ ដូចជាដំបៅចាស់ ដែលត្រូវប៉ះទង្គិច ដោយកំណាត់ឈើ ឬអំបែង រមែងក្លាយឡើង លើសប្រមាណ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកក្រោធ ច្រើនដោយសេចក្ដីតានតឹង សូម្បីគេពោលតែបន្ដិចបន្តួច ក៏ជាប់ចិត្តក្រោធ ព្យាបាទ ប្រកាន់រឹងត្អឹង ធ្វើសេចក្ដីក្រោធ ទោសៈ និងសេចក្ដីមិនសប្បាយចិត្ត ឲ្យកើតប្រាកដឡើង ក៏មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានចិត្តប្រៀបដូចដំបៅចាស់។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានចិត្តប្រៀបដូចផ្លេកបន្ទោរ តើដូចម្ដេច។
ID: 636853105220834486
ទៅកាន់ទំព័រ៖