ព្រះត្រៃបិដក ភាគ ៤១
ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ ដឹងច្បាស់តាមពិតថា នេះជាហេតុ ជាទីកើតឡើង នៃទុក្ខ ដឹងច្បាស់តាមពិតថា នេះជាសេចក្ដីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសមានចក្ខុ គប្បីឃើញនូវរូបទាំងឡាយ ក្នុងខណៈដែលមានផ្លេកបន្ទោរភ្លែតៗ ក្នុងវេលាយប់ងងឹតសូន្យឈឹង យ៉ាងណា ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ… ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានចិត្តប្រៀបដូចផ្លេកបន្ទោរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានចិត្តប្រៀបដូចពេជ្រ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅ នៃអាសវៈទាំងឡាយ ដោយបញ្ញាដ៏ឧត្ដម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តនៅ។ ម្នាលភិក្ខុទាំងឡាយ ដូចជាវត្ថុអ្វីមួយ គឺកែវមណី ឬថ្ម ជាវត្ថុដែលពេជ្របំបែកចេញមិនបាននោះ មិនមានឡើយ
ID: 636853105465718493
ទៅកាន់ទំព័រ៖