ព្រះត្រៃបិដក ភាគ ៤១
ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកលើសដោយសីល សមាធិ បញ្ញា ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសភាពយ៉ាងនេះ ដែលគួរធ្វើសក្ការៈ ធ្វើសេចក្ដីគោរព ហើយទើបសេពគប់ ចូលទៅអង្គុយជិត។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះគេគិតថា អាត្មាអញ នឹងបំពេញសីលក្ខន្ធ ដែលមិនទាន់បរិបូណ៌ ឲ្យបរិបូណ៌ឡើងផង នឹងអនុគ្រោះសីលក្ខន្ធ ដែលបរិបូណ៌ហើយ ក្នុងទីនោះៗ ដោយបញ្ញាផង នឹងបំពេញសមាធិក្ខន្ធ ដែលមិនទាន់បរិបូណ៌ ឲ្យបរិបូណ៌ឡើងផង នឹងអនុគ្រោះសមាធិក្ខន្ធ ដែលបរិបូណ៌ហើយ ក្នុងទីនោះៗ ដោយបញ្ញាផង នឹងបំពេញបញ្ញាខន្ធ ដែលមិនទាន់បរិបូណ៌ ឲ្យបរិបូណ៌ឡើងផងនឹងអនុគ្រោះបញ្ញាខន្ធ ដែលបរិបូណ៌ហើយ ក្នុងទីនោះៗ ដោយបញ្ញាផង។ ហេតុនោះ បុគ្គលមានសភាពយ៉ាងនេះ ដែលគេគួរធ្វើសក្ការៈ ធ្វើសេចក្ដីគោរព ហើយទើបសេពគប់ ចូលទៅអង្គុយជិត។ ម្នាលភិក្ខុទាំងឡាយ បុគ្គល៣ ពួកនេះ រមែងមាននៅក្នុងលោក។
បុរសអ្នកសេពគប់បុគ្គលថោកទាប រមែងសាបសូន្យ បើសេពគប់បុគ្គលស្មើគ្នា មិនគប្បីសាបសូន្យ ក្នុងកាលណាឡើយ បើបុរសចូលទៅគប់រកបុគ្គល ដែលប្រសើរ (ជាងខ្លួន) រមែងចំរើនឆាប់ ព្រោះហេតុនោះ បុរស គួរគប់នឹងបុគ្គល ដែលប្រសើរលើសខ្លួន (ទើបប្រសើរ)។
ID: 636853106160278219
ទៅកាន់ទំព័រ៖