ព្រះត្រៃបិដក ភាគ ៤១
ម្នាលអានន្ទ ពាក្យថា
បុគ្គលណាដឹងច្បាស់ នូវរបស់ខ្លួន និងរបស់ជនដទៃ ក្នុងលោក រមែងមិនមានសេចក្ដីញាប់ញ័រ ក្នុងអារម្មណ៍នីមួយទេ តថាគតពោលថា បុគ្គលនោះ ស្ងប់រម្ងាប់ ប្រាសចាកផ្សែង គឺ ទុច្ចរិត មិនមានសេចក្ដីទុក្ខ មិនមានតណ្ហា បានឆ្លងជាតិ និងជរាហើយ
ដូច្នេះនេះ ដែលតថាគតពោលហើយ ក្នុងបុណ្ណកប្បញ្ហា បរាយនវគ្គ សំដៅហេតុនុ៎ះឯង។
[៣៣] គ្រានោះ ព្រះសារីបុត្តមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្តមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលសារីបុត្ត តថាគតសំដែងធម៌ ដោយបំប្រួញខ្លះ ម្នាលសារីបុត្ត តថាគត គួរសំដែងធម៌ ដោយពិស្ដារខ្លះ ម្នាលសារីបុត្ត តថាគត គួរសំដែងធម៌ ទាំងបំប្រួញ ទាំងពិស្ដារខ្លះ ដ្បិតថា ពួកបុគ្គលអ្នកយល់ធម៌ រកបានដោយកម្រ។ បពិត្រព្រះមានព្រះភាគ ជាកាលគួរនឹងសំដែងធម៌នុ៎ះហើយ បពិត្រព្រះសុគត ជាកាលគួរនឹងសំដែងធម៌នុ៎ះហើយ ប្រសិនបើព្រះមានព្រះភាគ សំដែងធម៌ដោយសង្ខេបក្ដី សំដែងធម៌ ដោយពិស្ដារក្ដី សំដែងធម៌ ទាំងសង្ខេប ទាំងពិស្ដារក្ដី ពួកអ្នកយល់ធម៌
ID: 636853117118925018
ទៅកាន់ទំព័រ៖