ព្រះត្រៃបិដក ភាគ ៤១
មានទោសៈជាបច្ច័យ អត្តភាពរបស់បុគ្គលនោះ កើតក្នុងទីណា កម្មនោះ រមែងឲ្យផលក្នុងទីនោះ កម្មនោះ ឲ្យផលក្នុងទីណា បុគ្គលរមែងទទួលផលរបស់កម្មនោះ ក្នុងទីនោះ គឺអត្តភាព ជាបច្ចុប្បន្នក្ដី អត្តភាព ដែលកើតបន្ទាប់ក្ដី អត្តភាពដទៃ ដែលអន្ទោលតទៅទៀតក្ដី។ ម្នាលភិក្ខុទាំងឡាយ កម្មណា ដែលបុគ្គលធ្វើដោយមោហៈ កើតអំពីមោហៈ មានមោហៈជាហេតុ មានមោហៈជាបច្ច័យ អត្តភាពរបស់បុគ្គលនោះ កើតក្នុងទីណា កម្មនោះ រមែងឲ្យផលក្នុងទីនោះ កម្មនោះ រមែងឲ្យផល ក្នុងទីណា បុគ្គលរមែងទទួលផល របស់កម្មនោះ ក្នុងទីនោះ គឺអត្តភាព ជាបច្ចុប្បន្នក្ដី អត្តភាពដែលកើតបន្ទាប់ក្ដី អត្តភាពដទៃដែលអន្ទោលតទៅទៀតក្ដី។ ម្នាលភិក្ខុទាំងឡាយ ដូចពូជ ដែលមិនបែក មិនស្អុយ មិនខូច ដោយខ្យល់ និងកំដៅថ្ងៃ ប្រកបដោយខ្លឹមសារ (ជាគ្រាប់មានសាច់ពេញលេញ ) គេទុកដាក់ស្រួលបួល ដែលបុគ្គលសាបព្រោះ លើទីដែលភ្ជួររាស់ល្អ ក្នុងស្រែមានជីរជាតិ ភ្លៀងសោត ក៏ផ្ដល់ធារទឹកដោយស្រួល ម្នាលភិក្ខុទាំងឡាយ បើពូជទាំងនោះ សមប្រកបយ៉ាងនេះ ដល់នូវការលូតលាស់ ដុះដាលបែកគុម្ព យ៉ាងណាមិញ។
ID: 636853118481832972
ទៅកាន់ទំព័រ៖