ព្រះត្រៃបិដក ភាគ ៤១
ម្នាលភិក្ខុទាំងឡាយ កម្មណា ដែលបុគ្គលធ្វើ ព្រោះអទោសៈ កើតអំពីអទោសៈ មានអទោសៈជាហេតុ មានអទោសៈជាបច្ច័យ កាលបើទោសៈ មិនមានហើយ កម្មនោះឈ្មោះថា បុគ្គលបានលះបង់យ៉ាងនេះ ជាកម្មមានឫសផ្ដាច់ផ្ដិលហើយ ធ្វើមិនឲ្យដុះទៀតបាន ដូចជាត្នោតកំបុតក ធ្វើមិនឲ្យមានពូជ ជាកម្មមិនកើតតទៅទៀត ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ កម្មណា ដែលបុគ្គលធ្វើព្រោះអមោហៈ កើតអំពីអមោហៈ មានអមោហៈ ជាហេតុ មានអមោហៈ ជាបច្ច័យ កាលបើអមោហៈមិនមានហើយ កម្មនោះ ឈ្មោះថា បុគ្គលបានលះបង់ហើយ យ៉ាងនេះ ជាកម្មមានឫសគល់ផ្ដាច់ផ្ដិលហើយ ធ្វើមិនឲ្យដុះទៀតបាន ដូចជាត្នោតកំបុតក ធ្វើឲ្យវិនាស ជាកម្មមិនកើតតទៅទៀតជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ដូចជាពូជ ដែលមិនបែក មិនស្អុយ មិនវិនាសដោយខ្យល់ និងកំដៅថ្ងៃ ប្រកបដោយខ្លឹមសារ គេទុកដាក់ល្អ បុរសគប្បីដុត នូវពូជនោះ ដោយភ្លើង ដុតដោយភ្លើងរួចហើយ ធ្វើជាធ្យូងម៉ត់ ធ្វើជាធ្យូងម៉ត់រួចហើយ ក៏បាចទៅក្នុងខ្យល់ដ៏ខ្លាំងក្ដី បណ្ដែតក្នុងស្ទឹង ដែលមានខ្សែទឹកហូរត្របាញ់ក្ដី ម្នាលភិក្ខុទាំងឡាយ បើពូជាទាំងនោះ ត្រូវគេបំផ្លាញយ៉ាងនេះ មុខជានឹងមានកំណើតផ្ដាច់ផ្ដិល ធ្វើមិនឲ្យកើតទៀតបាន ដូចជាត្នោតកំបុតក ធ្វើឲ្យវិនាស ជាពូជមិនកើតតទៅទៀត ជាធម្មតា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ យ៉ាងនោះដែរ
ID: 636853118925568352
ទៅកាន់ទំព័រ៖