ព្រះត្រៃបិដក ភាគ ៤១
កម្មណា ដែលបុគ្គលធ្វើ ព្រោះអលោភៈ កើតអំពីអលោភៈ មានអលោភៈ ជាហេតុ មានអលោភៈ ជាបច្ច័យ កាលបើលោភៈ មិនមានហើយ កម្មនោះ ឈ្មោះថា បុគ្គលបានលះបង់ហើយ យ៉ាងនេះ ជាកម្មមានឫសគល់ផ្ដាច់ផ្ដិលហើយ ធ្វើមិនឲ្យដុះទៀតបាន ដូចជាត្នោតកំបុតក ធ្វើឲ្យវិនាស ជាកម្មមិនកើតតទៅទៀតជាធម្មតា។ កម្មណា ដែលបុគ្គលធ្វើ ព្រោះអទោសៈ។ បេ។ កម្មណា ដែលបុគ្គលធ្វើ ព្រោះអមោហៈ។ បេ។ ធ្វើឲ្យវិនាស ជាកម្មមិនកើតតទៅទៀត ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ធម្មជាត៣ នេះឯង ជាហេតុឲ្យកើតកម្មទាំងឡាយ។
បុគ្គលពាលជាអ្នកមិនដឹងច្បាស់នូវកម្ម ដែលកើតអំពីលោភៈផង កើតអំពីទោសៈផង កើតអំពីមោហៈផង កម្មណា ដែលបុគ្គលនោះធ្វើហើយ ទោះតិចក្ដី ច្រើនក្ដី បុគ្គលនោះ ត្រូវរងកម្មនោះ ក្នុងអត្តភាពនេះឯង វត្ថុដទៃ មិនមានទេ ហេតុនោះ ភិក្ខុ (ណា) ជាអ្នកដឹង (រមែងមិនធ្វើនូវកម្ម ដែលកើតអំពី) លោភៈផង ទោសៈផង មោហៈផង (ភិក្ខុនោះ) ឈ្មោះថា ញុំាងវិជ្ជា ឲ្យកើតឡើង ហើយលះបង់ នូវទុគ្គតិទាំងអស់បាន។
ID: 636853119157711630
ទៅកាន់ទំព័រ៖