ព្រះត្រៃបិដក ភាគ ៤១
ពួកជនណា ដេកស្រួលក្នុងលោក បណ្ដាជនទាំងនោះ តថាគត ក៏ជាអ្នកសិងស្រួលមួយនឹងគេដែរ។ ម្នាលកុមារ បើដូច្នោះ តថាគតនឹងសួរអ្នក ក្នុងដំណើរនុ៎ះ ថាបើអ្នកគាប់ចិត្តយ៉ាងណា គប្បីព្យាករ នូវដំណើរនោះ យ៉ាងនោះចុះ។ ម្នាលកុមារ អ្នកសំគាល់ហេតុនោះដូចម្ដេច គហបតី ឬគហបតិបុត្រ ក្នុងលោកនេះ មានផ្ទះកំពូល បូកលាបខាងក្នុង ទាំងបូកលាបខាងក្រៅ ខ្យល់ចូលមិនរួច មានទ្វារដ៏ជិត មានបង្អួចបិទជិត ក្នុងផ្ទះនោះ មានបល្ល័ង្កក្រាលដោយកម្រាលគោណកៈ ក្រាលដោយកម្រាលបដិកៈ ក្រាលដោយកម្រាលបដលិកៈ មានកម្រាលដ៏ប្រសើរ ជាវិការនៃស្បែកឈ្មុស
(១) មានខ្នើយក្រហមទាំងពីរខាង ព្រមទាំងពិតានក្រហម ទាំងប្រទីបប្រេង ក៏ឆេះភ្លឺក្នុងផ្ទះនោះ មានប្រពន្ធ៤នាក់ នៅផ្គត់ផ្គង់បម្រើ ដោយសេចក្ដីគាប់ចិត្ត។ ម្នាលកុមារ អ្នកសំគាល់ហេតុនោះ ដូចម្ដេច បុគ្គលនោះ គួរដេកជាសុខ ឬទេ ឬអ្នកមានសេចក្ដីយល់ ក្នុងដំណើរនុ៎ះ ដូចម្ដេច។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលនោះ គួរដេកជាសុខ ពួកជនណា ដេកជាសុខ ក្នុងលោក បណ្ដាជនទាំងនោះ អ្នកនោះ ជាអ្នកដេកជាសុខមួយនឹងគេដែរ។
(១) ឈ្មោះកម្រាលទាំងអស់នេះ បានប្រែក្នុងសៀវភៅ ទី១៤ ទំព័រ ១៦ រួចហើយ។
ID: 636853119728414272
ទៅកាន់ទំព័រ៖