ព្រះត្រៃបិដក ភាគ ៤១
ទុតិយបណ្ណាសក
ព្រាហ្មណវគ្គ
[៥៣] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង មានព្រាហ្មណ៍២ នាក់ ជរា មានវ័យចំរើន ចាស់ មានវ័យកន្លង ចូលដល់បច្ឆិមវ័យ តាំងពីកើតមកបាន ១២០ ឆ្នាំហើយ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលរាក់ទាក់ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររាក់ទាក់ និងពាក្យគួរឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះព្រាហ្មណ៍ទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន យើងខ្ញុំជាព្រាហ្មណ៍ ជរា មានវ័យចំរើនហើយ ចាស់ កន្លងវ័យចូលដល់បច្ឆិមវ័យតាំងពីកើតមកបាន ១២០ ឆ្នាំហើយ តែយើងខ្ញុំទាំងនោះ មិនបានធ្វើសេចក្ដីល្អ មិនបានធ្វើកុសល មិនបានធ្វើទីពឹង ដើម្បីការពារភ័យ សូមព្រះគោតមដ៏ចំរើន ទូន្មានយើងខ្ញុំ សូមព្រះគោតមដ៏ចំរើន ប្រៀនប្រដៅពួកយើងខ្ញុំ ដើម្បីប្រយោជន៍ ដើម្បីសុខ ដល់យើងខ្ញុំ អស់កាលយូរ។
ID: 636853131280855034
ទៅកាន់ទំព័រ៖