ព្រះត្រៃបិដក ភាគ ៤១
អាបាយិកវគ្គ
[១១៥] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៣ ពួកនេះ តែងទៅកាន់អបាយ ទៅកាន់នរក ព្រោះមិនលះបង់អំពើអាក្រក់នេះ។ បុគ្គល ៣ ពួក ដូចម្ដេចខ្លះ។ គឺបុគ្គលណា មិនមែនជាព្រហ្មចារ្យ តែប្ដេជ្ញាថា ខ្លួនជាព្រហ្មចារ្យ ១ បុគ្គលណា ចោទបុគ្គលជាព្រហ្មចារ្យ បរិសុទ្ធ ជាអ្នកប្រព្រឹត្តព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ ដោយអព្រហ្មចរិយធម៌ មិនមានមូល ១ បុគ្គលណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ទោសក្នុងកាមទាំងឡាយ មិនមាន បុគ្គលនោះ ក៏ដល់នូវសេចក្ដីស្រេកឃ្លាន ក្នុងកាមទាំងឡាយ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង៣ ពួកនេះ តែងទៅកាន់អបាយ ទៅកាន់នរក ព្រោះមិនលះបង់អំពើអាក្រក់នេះ។
[១១៦] ម្នាលភិក្ខុទាំងឡាយ សេចក្ដីកើតប្រាកដ នៃបុគ្គល៣ ពួក រកបានដោយក្រក្នុងលោក។ បុគ្គល៣ ពួក ដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីកើតប្រាកដ នៃព្រះតថាគត អរហន្តសម្មាសម្ពុទ រកបានដោយក្រក្នុងលោក ១ បុគ្គលអ្នកសំដែងធម្មវិន័យ ដែលព្រះតថាគតសំដែងហើយ រកបានដោយក្រក្នុងលោក ១ បុគ្គលជាកតញ្ញូកតវេទី រកបានដោយក្រក្នុងលោក ១។ ម្នាលភិក្ខុទាំងឡាយ ការកើតប្រាកដនៃបុគ្គល៣ ពួកនេះ រកបានដោយក្រក្នុងលោក។
ID: 636853232119652683
ទៅកាន់ទំព័រ៖