ព្រះត្រៃបិដក ភាគ ៤២
ម្នាលភិក្ខុទាំងឡាយ ការស្វែងរកកាម ភិក្ខុក្នុងសាសនានេះ លះបង់ហើយ (ដោយអនាគាមិមគ្គ) ការស្វែងរកភព ភិក្ខុលះបង់ហើយ (ដោយអរហត្តមគ្គ) ការស្វែងរកព្រហ្មចារ្យ ភិក្ខុបានរម្ងាប់ហើយ (ដោយអរហត្តមគ្គ)។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានការស្វែងរកលះបង់ហើយ ដោយបរិបូណ៌ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកមានកាយសង្ខារ ស្ងប់រម្ងាប់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះលះបង់សុខផង ព្រោះលះបង់ទុក្ខផង ព្រោះរលត់សោមនស្ស ទោមនស្ស ក្នុងកាលមុនផង ដល់នូវចតុត្ថជ្ឈាន មិនទុក្ខ មិនសុខ មានឧបេក្ខា និងសតិដ៏បរិសុទ្ធ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានកាយសង្ខារស្ងប់រម្ងាប់ហើយ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកពួនសម្ងំ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អស្មិមានះ ភិក្ខុក្នុងសាសនានេះ លះបង់ហើយ គាស់រំលើងឫសចោលហើយ ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព ជាសភាវៈមិនកើតឡើងតទៅទៀត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកពួនសម្ងំ យ៉ាងនេះឯង។
ID: 636853426636688422
ទៅកាន់ទំព័រ៖