ព្រះត្រៃបិដក ភាគ ៤២
[៤១] គ្រានោះ ឧទាយិព្រាហ្មណ៍ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ អង្គុយក្នុងទីសមគួរ។ លុះឧទាយិព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគថា ព្រះគោតមដ៏ចំរើន សរសើរការបូជារបស់យើង ដែរឬទេ។ ម្នាលព្រាហ្មណ៍ តថាគត មិនសរសើរការបូជាទាំងអស់ទេ ម្នាលព្រាហ្មណ៍ ប៉ុន្តែតថាគត មិនមែនជាមិនសរសើរការបូជាទាំងអស់ទេ។ ម្នាលព្រាហ្មណ៍ គេសម្លាប់គោទាំងឡាយ សម្លាប់ពពែ និងចៀមទាំងឡាយ សម្លាប់មាន់ និងជ្រូកទាំងឡាយ សត្វទាំងឡាយផ្សេង ៗ ស្លាប់ព្រោះការបូជា មានសភាពយ៉ាងណា ម្នាលព្រាហ្មណ៍ តថាគត មិនសរសើរការបូជា ប្រកបដោយសេចក្តីអន្តរាយ មានសភាពយ៉ាងនោះឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលព្រាហ្មណ៍ ព្រោះថា ព្រះអរហន្តទាំងឡាយក្តី បុគ្គលទាំងឡាយ អ្នកដល់នូវអរហត្តមគ្គក្តី មិននិយមការបូជា ប្រកបដោយសេចក្តីអន្តរាយ មានសភាពយ៉ាងនេះឡើយ។ ម្នាលព្រាហ្មណ៍ គេមិនសម្លាប់គោទាំងឡាយ មិនសម្លាប់ពពែ និងចៀមទាំងឡាយ មិនសម្លាប់មាន់ និងជ្រូកទាំងឡាយ
ID: 636853427536739902
ទៅកាន់ទំព័រ៖