ព្រះត្រៃបិដក ភាគ ៤២
ភិក្ខុជាបណ្ឌិត តែងវៀរបង់ នូវសេចក្តីមិនចំរើន កាន់យកតែសេចក្តីចំរើន ទើបហៅថាជាអ្នកប្រាជ្ញ មានប្រាជ្ញាជាគ្រឿងទ្រទ្រង់ ព្រោះដឹងនូវប្រយោជន៍ (ទាំងពីរប្រការនោះ)។
[៤៤] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ មាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលជាអ្នកធ្ងន់ ក្នុងសេចក្តីក្រោធ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១ ជាអ្នកធ្ងន់ ក្នុងសេចក្តីលុបគុណ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១ ជាអ្នកធ្ងន់ក្នុងលាភ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១ ជាអ្នកធ្ងន់ក្នុងសក្ការៈ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះឯង មាននៅក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ មាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលជាអ្នកធ្ងន់ ក្នុងព្រះសទ្ធម្ម មិនធ្ងន់ ក្នុងសេចក្តីក្រោធ ១ ជាអ្នកធ្ងន់ ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងសេចក្តីលុបគុណ ១ ជាអ្នកធ្ងន់ ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងលាភ ១ ជាអ្នកធ្ងន់ ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងសក្ការៈ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះឯង មាននៅក្នុងលោក។
ភិក្ខុណា ជាអ្នកធ្ងន់ក្នុងសេចក្តីក្រោធ និងសេចក្តីលុបគុណ ជាអ្នកធ្ងន់ក្នុងលាភសក្ការៈ ភិក្ខុទាំងនោះ រមែងមិនចំរើន ក្នុងព្រះសទ្ធម្ម ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់សំដែងឡើយ។
ID: 636853429633419825
ទៅកាន់ទំព័រ៖