ព្រះត្រៃបិដក ភាគ ៤២
តថាគត មិនបាន ពោលថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់នូវទីបំផុត នៃសង្ខារលោកនោះ ដោយកិរិយាដើរទៅ (ដោយជើង) បានឡើយ។ ម្នាលអាវុសោ បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងសង្ខារលោកណា តថាគត មិនបានពោលថា បុគ្គល គប្បីដឹង គប្បីឃើញ គប្បីដល់នូវទីបំផុត នៃលោកនោះ ដោយកិរិយាដើរទៅ (ដោយជើង) បានឡើយ ម្នាលអាវុសោ មួយទៀត បើតថាគត មិនបានដល់នូវទីបំផុត នៃសង្ខារលោកហើយ ក៏មិនបានពោល នូវកិរិយាធ្វើនូវទីបំផុត នៃទុក្ខឡើយ ។ ម្នាលអាវុសោ មួយទៀត តថាគត តែងបញ្ញត្តនូវលោក គឺទុក្ខផង លោកសមុទយៈផង លោកនិរោធផង លោក និរោធគាមិនីបដិបទាផង ក្នុងអត្តភាពប្រមាណ ១ ព្យាមនេះឯង ដែលប្រកបដោយសញ្ញាផង ប្រកបដោយចិត្តផង។
ទីបំផុតនៃលោក បុគ្គល មិនគប្បីដល់ ដោយការដើរទៅ (ដោយជើង) ក្នុងកាលណាម្តងឡើយ មួយទៀត ការមិនទាន់ដល់ នូវទីបំផុតនៃលោក ឈ្មោះថា មិនបានរួចចាកទុក្ខឡើយ។
ID: 636853430822117814
ទៅកាន់ទំព័រ៖