ព្រះត្រៃបិដក ភាគ ៤២
ព្រោះហេតុនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវលោក ទ្រង់មានបញ្ញាល្អ ទ្រង់ដល់នូវទីបំផុតនៃលោក ទ្រង់ប្រព្រឹត្តចប់ព្រហ្មចរិយៈហើយ។ ទ្រង់មានបាបរម្ងាប់បង់ហើយ ទ្រង់ជ្រាប ច្បាស់នូវទីបំផុត នៃលោកហើយ មិនប្រាថ្នានូវលោកនេះ និងលោកខាងមុខឡើយ។
[៤៧] លុះកន្លងរាត្រីនោះហើយ ព្រះដ៏មានព្រះភាគ បានត្រាស់ហៅ ភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ក្នុងរាត្រីនេះ រោហិតស្សទេវបុត្ត កាលដែលវេលារាត្រី (បឋមយាម) កន្លងទៅហើយ មានពន្លឺដ៏រុងរឿង ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង ក៏ចូលមករកតថាគត លុះចូលមកដល់ ក៏ថ្វាយបង្គំតថាគត ហើយឋិតនៅក្នុងទីសមគួរ។ ម្នាលភិក្ខុទាំងឡាយ លុះរោហិតស្សទេវបុត្ត អង្គុយក្នុងទីសមគួរហើយ បាននិយាយនឹងតថាគតថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងឱកាសនៃចក្រវាឡលោកណា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលអាចដើម្បីដឹង ដើម្បីឃើញ ឬដើម្បីដល់ នូវទីបំផុតនៃលោកនោះ ដោយកិរិយាដើរទៅ (ដោយជើង) បានដែរឬ។
ID: 636853431093053311
ទៅកាន់ទំព័រ៖