ព្រះត្រៃបិដក ភាគ ៤២
ម្នាលភិក្ខុទាំងឡាយ កាល រោហិតស្សទេវបុត្ត ពោលនឹងតថាគត យ៉ាងនេះហើយ តថាគតបានពោល ទៅនឹងរោហិតស្សទេវបុត្តថា ម្នាលអាវុសោ បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងសង្ខារលោកណា តថាគត មិនបានពោលថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់នូវទីបំផុត នៃសង្ខារលោកនោះ ដោយកិរិយាដើរទៅ (ដោយជើង) បានឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលតថាគតពោល យ៉ាងនេះហើយ រោហិតស្សទេវបុត្ត បាននិយាយនឹងតថាគត ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះតម្រាស់នេះ ដែល ព្រះដ៏មានព្រះភាគ ត្រាស់ប្រពៃហើយថា ម្នាលអាវុសោ បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងសង្ខារលោកណា តថាគតមិនបានពោលថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ នូវទីបំផុតនៃសង្ខារលោកនោះ ដោយកិរិយាដើរទៅ (ដោយជើង) បានឡើយ បពិត្រព្រះអង្គដ៏ចំរើន កាលពីព្រេងនាយមក ខ្ញុំព្រះអង្គ ធ្លាប់កើតជាឥសី ឈ្មោះរោហិតស្សៈ ជាបុត្តរបស់ញ្រនព្រៃ មានឫទ្ធិទៅដោយអាកាសវេហាស៍បាន។ បពិត្រព្រះអង្គដ៏ចំរើន សន្ទុះមានសភាពយ៉ាងនេះ បានកើតដល់ខ្ញុំព្រះអង្គនោះ ប្រៀបដូចនាយខ្មាន់ធ្នូ មានធនុធម៌ដ៏មាំ បានសិក្សាដោយប្រពៃហើយ
ID: 636853431257892739
ទៅកាន់ទំព័រ៖