ព្រះត្រៃបិដក ភាគ ៤២
ម្នាលភិក្ខុទាំងឡាយ បុគ្គលមានដំណើរទៅច្រាសខ្សែទឹក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនសេពកាមទាំងឡាយផង មិនធ្វើអំពើអាក្រក់ផង តែជាអ្នកប្រកបដោយទុក្ខ និងទោមនស្ស មានមុខទទឹក ដោយទឹកភ្នែក ទួញយំ ខំប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ បរិសុទ្ធ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានដំណើរទៅច្រាសខ្សែទឹក។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានសភាពជាអ្នកឈរនៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាឱបបាតិកៈ បរិនិព្វាន ក្នុងលោកនោះ មានការមិនបានត្រឡប់ចាកលោកនោះ ជាធម្មតា ព្រោះអស់ទៅ នៃឱរម្ភាគិយសញ្ញោជនៈ ទាំង ៥។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានសភាពជាអ្នកឋិតនៅ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលបានឆ្លង ទៅដល់ត្រើយនាយ ជាព្រាហ្មណ៍ ឋិតនៅលើគោក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ បានធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅ នៃអាសវៈទាំងឡាយ ដោយប្រាជ្ញា ដ៏ឧត្តមខ្លួនឯងហើយ សម្រេចសម្រាន្តនៅ ក្នុងបច្ចុប្បន្ននេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលបានឆ្លងទៅដល់ត្រើយនាយហើយ ជាព្រាហ្មណ៍ឋិតនៅលើគោក។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះឯង រមែងមាននៅក្នុងលោក។
ជនទាំងឡាយណានីមួយ មិនសង្រួម ក្នុងកាមទាំងឡាយ មិនបានប្រាសចាករាគៈ ជាអ្នកបរិភោគកាម ក្នុងលោកនេះ ជនទាំងនោះឯង តែងចូលទៅកាន់ជាតិ និងជរាជារឿយ ៗ ត្រូវតណ្ហាគ្របសង្កត់ ឈ្មោះថា ជាអ្នកមានដំណើរទៅបណ្តោយតាមខ្សែទឹក។
ID: 636853391289676688
ទៅកាន់ទំព័រ៖