ព្រះត្រៃបិដក ភាគ ៤២
លំដាប់នោះ ព្រះមានព្រះភាគ បានត្រាស់ទៅនឹងព្រះវិសាខបញ្ចាលីបុត្ត ដ៏មានអាយុថា ម្នាលវិសាខៈ ប្រពៃណាស់ហើយ ម្នាលវិសាខៈ ប្រពៃណាស់ហើយ អ្នកពន្យល់ភិក្ខុទាំងឡាយ ឲ្យយល់ច្បាស់ ឲ្យកាន់យកដោយល្អ ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ប្រកបដោយសំដី ជារបស់អ្នកក្រុង ជាវាចាច្បាស់លាស់ ប្រាសចាកទោស អាចញុំាងអ្នកស្តាប់ ឲ្យចូលចិត្តសេចក្តីជាក់លាក់បាន រាប់បញ្ចូលក្នុងវិវដ្តៈ មិនបានអាស្រ័យនូវវដ្តសង្សារ។
បណ្ឌិតដែលនៅច្រឡំដោយពួកបុគ្គលពាល កាលបើមិនទាន់និយាយទេ ជនទាំងឡាយ ក៏មិនស្គាល់ថា (ជាបណ្ឌិតឡើយ) លុះតែបណ្ឌិតបាននិយាយ ឬសំដែង នូវចំណែកនៃព្រះនិព្វាន ទើបជនទាំងឡាយ ស្គាល់បាន។ បណ្ឌិតគួរសំដែង គួរបំភ្លឺ គួរលើកដំកើង នូវព្រះនព្វលោកុត្តរធម៌ ដែលជាទង់ជ័យ របស់ពួកឥសី ពួកឥសី (គឺអរិយបុគ្គល មានព្រះពុទ្ធ ជាដើម) មានសុភាសិតជាទង់ជ័យ ព្រោះថា ព្រះនព្វលោកុត្តរធម៌ ជាទង់ជ័យ របស់ពួកឥសី។
ID: 636853455805316772
ទៅកាន់ទំព័រ៖