ព្រះត្រៃបិដក ភាគ ៤២

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិន​ងាយ​រាប់​នូវ​ប្រមាណ​នៃ​ទឹក​ ​ក្នុង​មហាសមុទ្រ​ថា​ ​ទឹក​មាន​ប៉ុណ្ណេះ​អាឡ្ហក​ ​ទឹក​មាន​ប៉ុណ្ណេះ​រយ​អាឡ្ហក​ ​ទឹក​មាន​ប៉ុណ្ណេះ​ពាន់​អាឡ្ហក​ ​ទឹក​មាន​ប៉ុណ្ណេះ​សែន​អាឡ្ហក​បាន​ឡើយ​ ​តាមពិត​នោះ​ ​គឺ​ដល់​នូវ​ការរាប់​ថា​ ​គំនរ​ទឹកធំ​ ​ដែល​បុគ្គល​រាប់​មិនបាន​ ​ប្រមាណ​មិន​អស់​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អរិយ​សាវក​ ​ដែល​ប្រកបដោយ​អានិសង្ស​ ​ជាទី​ហូរ​មក​នៃ​បុណ្យ​ ​ជាទី​ហូរ​មក​នៃ​កុសល​ ​ទាំង​ ​៤​ ​យ៉ាងនេះ​ឯង​ហើយ​ ​បុគ្គល​មិន​ងាយ​នឹង​រាប់​ ​នូវ​ប្រមាណ​នៃ​បុណ្យ​ថា​ ​អានិសង្ស​ ​ជាទី​ហូរ​មក​នៃ​បុណ្យ​ ​ជាទី​ហូរ​មក​នៃ​កុសល​ ​ជាទី​នាំមក​ ​នូវ​សេចក្តី​សុខ​ ​ឲ្យ​នូវ​ផល​ដ៏​ល្អ​វិសេស​ ​មានផល​ជា​សុខ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​កើត​ក្នុង​ស្ថានសួគ៌​ ​មាន​ប្រមាណ​ប៉ុណ្ណេះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​បាន​ឡើយ​ ​តាមពិត​នោះ​ ​គឺ​ដល់​នូវ​ការរាប់​ថា​ ​ជា​គំនរ​បុណ្យ​យ៉ាង​ធំ​ ​ដែល​បុគ្គល​រាប់​មិនបាន​ ​ប្រមាណ​មិន​អស់​ ​ក៏​យ៉ាងនោះ​ដែរ​។​
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 636853458083627084
ទៅកាន់ទំព័រ៖